(សៀមរាប)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំកម្លាំងការពារសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងបែងចែកគោលដៅ ក្នុងផែនការការពារគណៈប្រតិភូជាន់ខ្ពស់។
ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំផែនការការពារប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវដំណើរការប្រជុំប្រកបដោយរលូន និងសុវត្ថិភាពពេញលេញ។
កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះដ៏ល្អ និងធានាសន្តិសុខជូនដល់គណៈប្រតិភូទាំងអស់។


